នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦
រដ្ឋបាលខណ្ឌជ្រោយចង្វារ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានរៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិក្បាលកោះ ភូមិកោះដាច់ ភូមិល្វា ភូមិរនះ និងភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។
ស្ថិតក្នុងពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ប៊ិន សុឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ការបិទផ្សាយទិន្នន័យជាសាធារណៈនេះ គឺជាជំហានដ៏សំខាន់ក្នុងការធានាតម្លាភាព និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋពិនិត្យ ផ្ទៀងផ្ទាត់ និងលើកជាយោបល់លើទិន្នន័យ មុនឈានទៅការចេញបណ្ណកម្មសិទ្ធិស្របតាមនីតិវិធី។













