ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានី ភ្នំពេញ រដ្ឋបាលខណ្ឌកំបូល បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង និងពង្រឹងសន្តិសុខសុវត្ថិភាពសង្គម ក្រោមការដឹកនាំផ្ទាល់របស់ថ្នាក់ដឹកនាំខណ្ឌ។
ក្នុងសកម្មភាពទីមួយ រដ្ឋបាលខណ្ឌកំបូល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅតាមបណ្តោយដងផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រសង្កាត់ចំនួន៤ រួមមាន៖ សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ភ្លើងឆេះរទេះ និងសង្កាត់បឹងធំ។យុទ្ធនាការដ៏មានសារៈសំខាន់នេះ មានការចូលរួមយ៉ាងសកម្មពីកម្មករនិយោជិតជាង ៨០០នាក់ ដែលជាស្តែងឱ្យឃើញពីស្មារតីរួមគ្នាក្នុងការលើកកម្ពស់ទីក្រុងស្អាត និងសោភ័ណភាពរាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនោះ រដ្ឋបាលខណ្ឌក៏បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហការជាមួយវិស័យឯកជន ដើម្បីធ្វើសកម្មភាពមនុស្សធម៌ និងសង្គមផ្សេងៗទៀតនាពេលខាងមុខ។
ស្របពេលជាមួយគ្នានោះដែរ ដោយយកចិត្តទុកដាក់ខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះផ្ទាល់ទៅកាន់ភូមិសាស្ត្រខណ្ឌកំបូល ដើម្បីផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល។
ការចុះផ្សព្វផ្សាយផ្ទាល់ពីសំណាក់លោកអភិបាលខណ្ឌ គឺផ្តោតសំខាន់លើ៖
ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំនានា។
ការបោសសម្អាត និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងគំរាមកំហែងដល់ទ្រព្យសម្បត្តិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
សកម្មភាពការងារយ៉ាងមមាញឹកទាំងលើផ្នែកបរិស្ថាន និងសន្តិសុខសង្គមក្នុងថ្ងៃតែមួយនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការទទួលខុសត្រូវខ្ពស់ និងការដឹកនាំប្រកបដោយភាពសកម្មរបស់លោកអភិបាលខណ្ឌ ក៏ដូចជារដ្ឋបាលខណ្ឌកំបូលទាំងមូល ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕




















